-
[សាកលវិទ្យាល័យស្ទែនហ្វដ www.stanford.edu]
-
អ្នកអធិប្បាយ៖ កម្មវិធីនេះនាំមកជូនលោកអ្នកដោយ សាកលវិទ្យាល័យស្ទែនហ្វដ។
សូមចូលមើលវិបសៃថ៍យើងខ្ញុំនៅ stanford.edu។
-
[សំលេងទះដៃ]
-
ស្ទីវចប៖ សូមអរគុណ។
-
[ស្ទីវចប៖ ប្រធានប្រតិបត្តិក្រុមហ៊ុនអេបផលនិងភិចសារជីវចល]
-
ចប៖ថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងពិធីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏ឆ្នើមមួយលើលោក របស់អ្នកទាំងអស់គ្នា។
-
[សំលេងហ៊ោ]
-
តាមពិតទៅ ខ្លួនខ្ញុំផ្ទាល់មិនធ្លាប់បញ្ចប់ការសិក្សាពីមហាវិទ្យាល័យទេ។ នេះជាឱកាសតែមួយគត់ដែលខ្ញុំបាននៅក្បែរពិធីបញ្ចប់ការសិក្សាបំផុត។
-
[សំលេងសើច]
-
ថ្ងៃនេះ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានូវរឿងរ៉ាវចំនួន៣អំពីជីវិតខ្ញុំ។ តែប៉ុណ្ណឹងទេ។ គ្មានអ្វីអស្ចារ្យទេ។ គ្រាន់តែរឿង៣ប៉ុណ្ណោះ។
-
រឿងទីមួយ គឺនិយាយពីការតភ្ជាប់ចំនុច។
-
បន្ទាប់ពីចូលរៀននៅសាកលវិទ្យាល័យរីដបាន៦ខែខ្ញុំបានព្យួរការសិក្សា។ ប៉ុន្តែខ្ញុំនៅទៅរៀនរយៈពេល១៨ខែទៀត មុនពេលដែលខ្ញុំរត់ចោលសាលាពិតប្រាកដ។
-
តើហេតុអ្វីបានជាខ្ញុំព្យួរការសិក្សា?
-
ដើមហេតុ គឺគួររំលឹកតាំងពីពេលខ្ញុំមិនទាន់កើត។
-
ម្ដាយបង្កើតរបស់ខ្ញុំជានិស្សិតអនុបណ្ឌិត វ័យក្មេង និងមិនបានរៀបការ។ ហេតុនេះគាត់បានសំរេចចិត្តដាក់ខ្ញុំអោយក្លាយជាកូនចិញ្ចឹមរបស់គេ។
-
គាត់ប្រាថ្នាអោយអ្នកដែលទទួលខ្ញុំចិញ្ចឹម គួរតែជាអ្នកដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ
-
ហេតុនេះគាត់បានរៀបចំអោយប្ដីប្រពន្ធមេធាវីមួយគូទទួលយកខ្ញុំទៅចិញ្ចឹម ពេលដែលខ្ញុំកើតមកភ្លាមៗ។
-
តែពេលដែលខ្ញុំកើតចេញមក ពួកគេបានសំរេចចិត្តជាចុងក្រោយថា ពួកគេចង់បាននោះគឺកូនស្រី។
-
ហេតុនេះឪពុកម្ដាយ(ចិញ្ចឹមរបស់ខ្ញុំ ដែលមានឈ្មោះក្នុងបញ្ជីរង់ចាំ បានទទួលទូរស័ព្ទមួយទាំងកណ្ដាលអាធ្រាត ដែលសួរថា៖
-
«យើងមានកូនង៉ែតប្រុស ដែលយើងមិនបានរំពឹងទុក តើអ្នកត្រូវការវាទេ?» ពួកគាត់ឆ្លើយភ្លាមថា «ចង់បាន»។
-
ម្ដាយបង្កើតរបស់ខ្ញុំ ក្រោយមកបានដឹងថា ម្ដាយរបស់ខ្ញុំមិនធ្លាប់ដែលរៀនចប់ថ្នាក់បរិញ្ញាប័ត្រ ហើយឪពុករបស់ខ្ញុំក៏មិនដែលបានរៀនចប់វិទ្យាល័យ។
-
គាត់បានបដិសេធមិនព្រមស៊ីញ៉េលើកិច្ចព្រមព្រៀងប្រគល់កូនអោយចិញ្ចឹម។
-
ប៉ុន្មានខែក្រោយមក គាត់ក៏បានប្ដូរចិត្តវិញ ពេលដែលឪពុកម្ដាយរបស់ខ្ញុំបានសន្យាថានឹងបញ្ជូនខ្ញុំទៅមហាវិទ្យាល័យ។ នេះជាចំនុចចាប់ផ្ដើមរបស់ជីវិតខ្ញុំ។
-
១៧ឆ្នាំក្រោយ ខ្ញុំបានចូលរៀនថ្នាក់បរិញ្ញា។ ប៉ុន្តែ ខ្ញុំបានជ្រើសរើសសាកលវិទ្យាល័យដ៏ថ្លៃប្រហែលស្ទែនហ្វដ ដោយមិនបានគិតគូរអោយបានដឹតដល់។
-
ឪពុកម្ដាយខ្ញុំដែលស្ថិតក្នុងវណ្ណៈពលករ បានចំណាយប្រាក់សន្សំទាំងអស់សំរាប់បង់ថ្លៃសាលាអោយខ្ញុំ។
-
បន្ទាប់ពីនៅទីនោះ៦ខែ ខ្ញុំមិនអាចមើលឃើញតំលៃអ្វីពីទីនោះទេ។
-
ខ្ញុំមិនដឹងពីអ្វីដែលខ្លួនចង់ធ្វើនៅក្នុងជីវិត ហើយក៏មិនដឹងថាតើសាកលវិទ្យាល័យអាចនឹងជួយខ្ញុំរកឃើញអ្វីដែលខ្ញុំចង់ធ្វើដោយរបៀបណា។
-
អញ្ចឹងហើយ ខ្ញុំនៅតែចំណាយប្រាក់សន្សំក្នុងមួយជីវិតរបស់ឪពុកម្ដាយខ្ញុំទៅលើវា។
-
ហេតុនេះខ្ញុំបានសំរេចចិត្តព្យួរការសិក្សា និងជឿថាលទ្ធផលចុងក្រោយនឹងមិនអីទេ។
-
វាជារឿងគួរអោយខ្លាចណាស់នាពេលនោះ ប៉ុន្តែបើងាកមើលទៅពេលនោះវិញ វាជាការសំរេចចិត្តដ៏ត្រឹមត្រូវបំផុតមួយរបស់ខ្ញុំ។
-
[សំលេងសើច]
-
ចាប់ពីនាទីដែលខ្ញុំផ្អាកការសិក្សា ខ្ញុំអាចឈប់ទៅរៀនមុខវិជ្ជាណាដែលខ្ញុំមិនចាប់អារម្មណ៍
-
និងចាប់ផ្ដើមដើររៀនមុខវិជ្ជាណាដែលមើលទៅគួរចាប់អារម្មណ៍។
-
អ្វីៗមិនមែនឡូយទាំងអស់នោះទេ។ ខ្ញុំគ្មានបន្ទប់ក្នុងន្តេរវិសិកដ្ឋាន ហេតុនេះខ្ញុំត្រូវគេងលើកំរាលឥដ្ឋក្នុង បន្ទប់មិត្តភក្ដិ។ ខ្ញុំយកដបខូកទៅហាងដូរយកប្រាក់តំកល់៥សេនមកវិញ ដើម្បីបានលុយទិញម្ហូប។
-
ហើយខ្ញុំធ្លាប់ដើរ៧ម៉ៃល៍កាត់ក្រុង រាល់យប់ថ្ងៃអាទិត្យ ដើម្បីទៅហូបអាហារសមរម្យនៅព្រះវិហារហរិគ្រិស្នា។
-
ខ្ញុំចូលចិត្តធ្វើបែបនេះ។
-
ហើយអ្វីដែលខ្ញុំធ្វើដោយស្ដាប់តាម ភាពចង់ដឹងចង់លឺ និងវិចារណញាណ បានក្លាយជារបស់ដ៏មានតំលៃមិនអាចកាត់ថ្លៃបាននាពេលក្រោយមកក្នុងជីវិតខ្ញុំ។
-
អនុញ្ញាតអោយខ្ញុំលើកឧទាហរណ៍មួយ។
-
សាកលវិទ្យាល័យរីដនាពេលនោះ ប្រហែលជាកន្លែងផ្ដល់នូវការបង្រៀនអក្សរផ្ចង់ល្អលើសគេនៅក្នុងប្រទេស។
-
នៅលើប័ណ្ឌផ្សព្វផ្យាយនៅទូទាំងសាលា និងនៅលើផ្លាកបិតថតតុ អក្សរទាំងឡាយត្រូវបានសរសេរដោយដៃយ៉ាងស្អាត។
-
ដោយសារតែខ្ញុំបានព្យូរការសិក្សាហើយខ្ញុំមិនចាំបាច់ត្រូវទៅរៀនមុខវិជ្ជាធម្មតា ខ្ញុំបានសំរេចចិត្តរៀនមុខវិជ្ជាអក្សរផ្ចង់ ដើម្បីមើលថាតែគេសរសេរវាយ៉ាងម៉េច។
-
ខ្ញុំបានរៀនអំពីប្រភេទអក្សរសេរីប (មានកន្ទុយ) និងសង់សេរីប(គ្មានកន្ទុយ) អំពីបំរែបំរួលទំហំចន្លោះរវាងបន្សំអក្សរផ្សេងៗគ្នា
-
និងអំពីអ្វីដែលធ្វើអោយហ្វុនអក្សរដ៏ស្រស់ស្អាតអោយកាន់តែស្រស់ស្អាតថែមទៀត។
-
វាស្អាតណាស់ វាមានលក្ខណៈប្រវត្តិសាស្ត្រនិង មានភាពលំអិតតាមបែបសិល្បៈ ដែលវិទ្យាសាស្ត្រមិនអាចក្ដោបក្រសោបបាន ហើយខ្ញុំបានដឹងថាវាស្អាតអស្ចារ្យណាស់។
-
ក្នុងចំនោមចំនេះដឹងទាំងនេះ គ្មានអ្វីដែលអាចសង្ឃឹមថានឹងអាចយកទៅអនុវត្តផ្ទាល់ក្នុងជីវិតរបស់ខ្ញុំទេ។
-
ប៉ុន្តែដប់ឆ្នាំក្រោយ ពេលដែលយើងកំពុងឌីហ្សាញកុំព្យូទ័រម៉ាឃីនថូសជំនាន់ដំបូងគេ ចំនេះដឹងទាំងនោះបានរស់ជាថ្មីឡើងវិញនៅក្នុងខ្លួនខ្ញុំ។
-
ហើយយើងបានឌីហ្សាញវាចូលទៅក្នុងម៉ាក់។ វាជាកុំព្យូទ័រទីមួយដែលមានហ្វុនអក្សរស្រស់ស្អាត។
-
បើសិនជាខ្ញុំមិនបានទៅចូលរៀនមុខវិជ្ជាអក្សរផ្ចង់នោះទេ
-
ម៉ាក់ក៏មិនអាចមានហ្វុនច្រើននិងហ្វុនដែលមានចន្លោះពីគ្នាបានសមយ៉ាងល្អឥតខ្ចោះនោះដែរ។
-
ហើយដោយហេតុថាវីនដូស៍ចេះត្រឹមតែចំលងពីម៉ាក់ ប្រហែលជាគ្មានកុំព្យូទ័រលើលោកណាមានហ្វុនស្អាតបែបនោះផងក៏មិនដឹង។
-
[សំលេងសើចនិងសំលេងទះដៃ]
-
បើសិនជាខ្ញុំមិនបានព្យួរការសិក្សា ហើយមិនបានដើរទៅរៀនថ្នាក់អក្សរផ្ចង់នោះទេ
-
កុំព្យូទ័រក៏ប្រហែលជាមិនអាចមានហ្វុនអក្សរដ៏ស្រស់អស្ចារ្យដូចសព្វថ្ងៃបានដែរ។
-
ពិតមែនហើយ ខ្ញុំមិនអាចតភ្ជាប់ចំនុច ដោយមើលទៅមុខពេលដែលខ្ញុំនៅជានិស្សិតទេ។
-
ប៉ុន្តែវាច្បាស់ណាស់ថា ខ្ញុំបានតភ្ជាប់វាពេលក្រលេកមើលថយក្រោយនៅ១០ឆ្នាំក្រោយ។
-
ខ្ញុំសូមនិយាយម្ដងទៀត។ អ្នកមិនអាចតភ្ជាប់ចំនុចដែលនៅខាងមុខបានទេ។ អ្នកភ្ជាប់វាបានតែពេលក្រលេកមើលថយក្រោយប៉ុណ្ណោះ។
-
ហេតុនេះអ្នកត្រូវតែជឿថាចំនុចទាំងនោះនឹងតភ្ជាប់គ្នានាពេលអនាគត ក្នុងរូបភាពណាមួយ។
-
អ្នកត្រូវតែជឿលើអ្វីមួយ៖ វីរភាព វាសនា សង្ខារ កម្មផល ស្អីក៏បានដែរ។
-
ការជឿថាចំនុចទាំងនោះនឹងតភ្ជាប់គ្នានៅលើផ្លូវជីវីតដែលអ្នកដើរ នឹងធ្វើអោយអ្នកមានទំនុកចិត្តលើខ្លួនឯង អោយអ្នកធ្វើតាមអ្វីដែលបេះដូងអ្នកប្រាថ្នា។
-
ទោះបីជាវានឹងនាំអ្នកចេញពីផ្លូវក្រាលកៅស៊ូស្រួលដើរដែលអ្នកដទៃដើរក៏ដោយ។ ការជឿបែបនោះនឹងជួយធ្វើអោយអ្វីៗផ្លាស់ប្ដូរ។
-
រឿងទីពីររបស់ខ្ញុំគឺនិយាយអំពីក្ដីស្រលាញ់និងការបរាជ័យ។
-
ខ្ញុំមានសំណាងណាស់ ដែលបានរកឃើញអ្វីដែលខ្ញុំចូលចិត្តធ្វើតាំងពីយុវវ័យ។
-
Woz និង ខ្ញុំបានបើកក្រុមហ៊ុនអេបផលនៅក្នុងរោងឡានរបស់ឪពុកម្ដាយខ្ញុំ ពេលខ្ញុំមានអាយុ២០ឆ្នាំ។
-
ពួកយើងប្រឹងប្រែងធ្វើការណាស់ ហើយក្នុងរយៈពេលតែ១០ឆ្នាំ អេបផលបានរីកធំធាត់ពីបុគ្គលិកតែ២នាក់នៅក្នុងរោងឡាន ក្លាយជាក្រុមហ៊ុនមានតំលៃ២០០០លានដុល្លារនិងមានបុគ្គលិកជាង៤០០០នាក់។
-
មួយឆ្នាំមុននោះ យើងបានចេញលក់ផលិតផលដ៏ឆ្នើមជាងគេរបស់យើង គឺម៉ាស៊ីនម៉ាឃីនថូស ហើយពេលនោះខ្ញុំទើបមានអាយុ៣០ឆ្នាំទេ។
-
បន្ទាប់មកខ្ញុំត្រូវគេបណ្ដេញចេញពីការងារ។
-
ដែរមានដែរ អ្នកដែលត្រូវគេបណ្ដេញចេញពីក្រុមហ៊ុនដែលខ្លួនឯងបង្កើត?
-
តាមពិតគឺអញ្ចេះទេ។ ពេលដែលអេបផលរីកធំ យើងបានជួលបុគ្គលម្នាក់ដែលខ្ញុំគិតថាមានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុនជាមួយខ្ញុំ
-
ហើយអ្វីៗដំណើរការបានល្អណាស់នៅឆ្នាំដំបូង។
-
ប៉ុន្តែក្រោយមក ទស្សនៈវិស័យពីអនាគតរបស់យើងបានឃ្លាតឆ្ងាយពីគ្នា ហើយយើងក៏បានបែកបាក់គ្នានៅទីបំផុត។
-
ពេលយើងសំរេចចិត្តបែកគ្នា គណកម្មការនាយករបស់ក្រុមហ៊ុនបានឈរនៅខាងគេ។
-
ហើយខ្ញុំក៏ត្រូវគេដេញចេញនៅអាយុ៣០។ ត្រូវគេដេញចេញយ៉ាងចំហ។
-
អ្វីដែលខ្ញុំបានបូជាឆាកជីវិតពេញវ័យខ្ញុំទៅលើនោះ បានរលាយបាត់ទៅ។ វាជាការបាត់បង់ដ៏ធំធេង។
-
រយៈពេលប៉ុន្មានខែដែលខ្ញុំពិតជាមិនដឹងថាគួរធ្វើអ្វីល្អ។
-
ខ្ញុំមានអារម្មណ៍ដូចធ្វើអោយសហគ្រិនជំនាន់មុនៗខកចិត្ត។ ខ្ញុំមានអារម្មណ៍ដូចធ្វើជ្រុះដំបងដែលគេហុចអោយពេលប្រកួតរត់បណ្ដាក់អញ្ចឹង។
-
ខ្ញុំបានជួបជាមួយ David Packard និង Bob Noyce ដើម្បីសុំទោសដែលបានធ្វើអោយអ្វីៗដើរមិនបានល្អ។
-
ខ្ញុំជាជនបរាជ័យក្នុងសង្គម ហើយខ្ញុំថែមទាំងគិតចង់រត់ចេញពីជ្រលងស៊ីលីខន់ទៀតផង។
-
ប៉ុន្ទែមានពន្លឺអ្វីមួយ ដែលចាប់ផ្ដើមរះនៅក្នុងចិត្តខ្ញុំ។ គឺ ខ្ញុំនៅស្រលាញ់អ្វីដែលខ្ញុំបានធ្វើ។
-
រឿងរ៉ាវដែលបានកើតឡើងនៅក្រុមហ៊ុនអេបផលមិនបានធ្វើអោយក្ដីស្រលាញ់នោះផ្លាស់ប្ដូរសូម្បីតែបន្តិច។ខ្ញុំត្រូវគេច្រានចោលមែន តែខ្ញុំនៅតែស្រលាញ់វា។
-
ហេតុនេះខ្ញុំក៏សំរេចចិត្តចាប់ផ្ដើមសារជាថ្មីម្ដងទៀត។
-
ពេលនោះខ្ញុំមិនដឹងសោះ ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថាការត្រូវគេដេញចេញពីក្រុមហ៊ុនអេបផលជាបទពិសោធន៍ដ៏ល្អបំផុតមួយដែលធ្លាប់កើតមានលើខ្លួនខ្ញុំ។
-
សំពាធដ៏ធ្ងន់របស់ជ័យជំនះ បានជំនួសដោយភាពធូរស្រាលចិត្តពេលក្លាយជាអ្នកទើបចាប់ផ្ដើមវិញ និងមិនសូវច្បាស់លើអ្វីៗទាំងអស់។
-
ខ្ញុំមានសេរីភាពនឹងបោះជំហានចូលក្នុងរយៈកាលប្រកបដោយគំនិតច្នៃប្រឌិតមួយក្នុងជីវិត។
-
ក្នងរយៈពេល៥ឆ្នាំបន្ទាប់ ខ្ញុំបានបើកក្រុមហ៊ុន NeXT និង ក្រុមហ៊ុន Pixar
-
ហើយមានស្នេហាជាមួយនារីដ៏អស្ចារ្យម្នាក់ដែលជាភរិយារបស់ខ្ញុំនៅពេលនេះ។
-
ក្រុមហ៊ុន Pixar បានក្លាយជាក្រុមហ៊ុនដំបូងគេលើលោកដែលផលិតភាពយន្តជីវចលដោយប្រើកុំព្យូទ័រ គឺរឿងToy Story ហើយសព្វថ្ងៃវាជាក្រុនហ៊ុនជីវចលដែលបានទទួលជោគជ័យជាងគេលើលោក។
-
[សំលេងទះដៃនិងសំលេងហ៊ោ]
-
ព្រឹត្តិការណ៍ដ៏គួរកត់សំគាល់មួយកើតឡើង។ អេបផលបានទិញយក NeXT ហើយខ្ញុំបានត្រលប់ទៅកាន់អេបផលវិញ
-
ហើយបច្ចេកវិទ្យាដែលយើងបានអភិវឌ្ឍបាននៅ NeXT បានក្លាយជាគោលគ្រឹះសំរាប់ស្ដារអេបផលបច្ចុប្បន្នអោយរស់ឡើងវិញ។
-
លើសពីនេះទៅទៀត Laurene និងខ្ញុំបានកសាងគ្រួសារដ៏ពិសេសមួយជាមួយគ្នា
-
ខ្ញុំអាចនិយាយបានប្រាកដណាស់ថាអ្វីៗទាំងអស់នេះនឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំមិនត្រូវបានគេដេញចេញពីក្រុមហ៊ុនអេបផល។
-
វាជាថ្នាំដ៏ល្វីងជូរចត់ ប៉ុន្តែខ្ញុំគិតថាអ្នកជំងឺត្រូវការវា។
-
ជួនកាលក្នុងឆាកជីវិតយើង យើងត្រូវគេវ៉ៃក្បាលនឹងដុំឥដ្ឋ។
-
ប៉ុន្តែសូមកុំអស់ជំនឿចិត្ត។ ខ្ញុំជឿថារបស់តែមួយគត់ដែលជួយជំរុញខ្ញុំអោយបន្តធ្វើការដល់សព្វថ្ងៃ គឺទឹកចិត្តស្រលាញ់របស់ខ្ញុំចំពោះអ្វីដែលខ្ញុំធ្វើ។
-
អ្នកត្រូវតែរកអោយឃើញនូវអ្វីដែលអ្នកស្រលាញ់ចូលចិត្តនឹងធ្វើ ទាំងក្នុងជីវិតការងារនិងជីវិតស្នេហា។
-
ការងារនឹងគ្របដណ្ដប់លើផ្នែកមួយភាគធំនៃជីវិតរបស់អ្នក ហើយវិធីដែលធ្វើអោយអ្នកស្កប់ស្កល់ចិត្តនោះ គឺត្រូវធ្វើការងារណាដែលអ្នកជឿថាជាការងារអស្ចារ្យ។
-
ហើយវិធីតែមួយគត់ក្នុងការធ្វើការងារអស្ចារ្យ គឺអ្នកត្រូវតែស្រលាញ់អ្វីដែលអ្នកធ្វើ។
-
បើអ្នកមិនទាន់រកឃើញវាទេ ចូរបន្តស្វែងរកទៀតទៅ។ កុំនៅស្ងៀម។
-
ដោយសារវាជារឿងបេះដូង អ្នកនឹងដឹងដោយខ្លួនឯងពេលដែលអ្នករកវាឃើញ។
-
ក៏ដូចជាទំនាក់ទំនងរវាងមនុស្សនិងមនុស្ស វានឹងរីកលូតលាស់ទៅតាមពេលវេលា។
-
ហេតុនេះសូមបន្តស្វែងរកទាល់តែឃើញ។ កុំនៅស្ងៀមអោយសោះ។
-
[សំលេងទះដៃ]
-
រឿងទីបីរបស់ខ្ញុំគឺនិយាយអំពីមរណភាព។
-
ពេលខ្ញុំមានអាយុ១៧ឆ្នាំ ខ្ញុំបានអាននូវពាក្យពេជន៍មួយថា៖
-
«បើសិនជាអ្នករស់ជីវិតមួយថ្ងៃមួយថ្ងៃ ដោយចាត់ទុកថ្ងៃនោះជាថ្ងៃចុងក្រោយរបស់អ្នក នោះនៅពេលណាមួយអ្នកនឹងប្រាកដជារស់បានត្រឹមត្រូវ។»
-
[សំលេងសើច]
-
ពាក្យនេះដក់ជាប់នៅក្នុងខួរក្បាលខ្ញុំ ហើយចាប់ពីពេលនោះក្នុងរយៈពេល៣៣ឆ្នាំមកនេះ រាល់ព្រឹកខ្ញុំតែងសំលឹងរូបខ្លួនឯងនៅក្នុងកញ្ចក់ ហើយសួរខ្លួនឯងថា៖
-
«បើសិនថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ តើខ្ញុំពិតចង់ធ្វើអ្វីដែលខ្ញុំមានគំរោងនឹងធ្វើនៅថ្ងៃនេះដែរឬទេ?»
-
ហើយនៅពេលដែលចំលើយចេញមកថា «ទេ» ជាប់ៗគ្នាជាច្រើនថ្ងៃ ពេលនោះខ្ញុំដឹងថាខ្ញុំគួរតែផ្លាស់ប្ដូរអ្វីម្យ៉ាង។
-
សូមចាំថា ការគិតថាខ្លួនឯងនឹងស្លាប់នាពេលឆាប់ៗ ជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយ ដែលជួយខ្ញុំអោយធ្វើការសំរេចចិត្តធំៗក្នុងជីវិត។
-
ព្រោះអ្វីៗទាំងអស់ ទាំងការរំពឹងពីអ្នកដទៃ ទាំងមោទនភាព ទាំងការភ័យខ្លាចចំពោះក្ដីអាម៉ាស់ពេលបរាជ័យ
-
អ្វីៗទាំងអស់នេះនឹងរលាយបាត់ពេលដែលប្រឈមមុខនឹងការស្លាប់។ អ្វីដែលនៅសល់ជាអ្វីដែលសំខាន់សំរាប់យើងពិតប្រាកដ។
-
ចាំថា ការគិតថាខ្លួនឯងនឹងស្លាប់ជាវិធីល្អបំផុត ដែលជួយអ្នកអោយរួចពីអន្ទាក់គំនិតដែលអ្នកតែងគិតថាអ្នកមានអ្វីដែលត្រូវបាត់បង់។
-
អ្នកកើតមកគ្មានអ្វីយកមកតាមទេ ហើយក៏គ្មានអ្វីដែលត្រូវបាត់បង់ដែរ។ គ្មានមូលហេតុអ្វីដែលអ្នករស់នៅដោយមិនស្ដាប់តាមអ្វីដែលបេះដូងអ្នកចង់បានទេ។
-
មួយឆ្នាំមុន គ្រូពេទ្យប្រាប់ថាខ្ញុំមានជំងឺមហារីក។
-
ខ្ញុំអោយគេថតឆ្លុះនៅម៉ោង៧កន្លះព្រឹក ហើយរូបភាពបង្ហាញយ៉ាងច្បាស់នូវដុំសាច់ដុះលើលំពែងរបស់ខ្ញុំ។
-
ខ្ញុំមិនទាំងដឹងថាលំពែងនោះជាស្អីផង។
-
គ្រូពេទ្យបានប្រាប់ខ្ញុំថានេះជាប្រភេទជំងឺមហារីកដែលសឹងតែគ្មានសង្ឃឹមថាអាចព្យាបាលបាន ហើយថាខ្ញុំអាចរស់បានតែ៣ទៅ៦ខែទៀតទេ។
-
គ្រូពេទ្យបានប្រាប់ខ្ញុំអោយត្រលប់ទៅផ្ទះរៀបចំដោះស្រាយអ្វីៗអោយហើយ។ នេះជាពាក្យសំងាត់របស់ពេទ្យ ដែលមានន័យអោយរៀបចំអ្វីៗទាំងអស់មុននឹងស្លាប់។
-
វាមានន័យថាអ្នកត្រូវប្រាប់អ្វីៗទាំងអស់ដែលអ្នកគ្រោងនឹងប្រាប់ទៅកូនចៅរបស់អ្នកក្នុងរយៈពេល១០ឆ្នាំទៅមុខនោះ អោយចប់ត្រឹមរយៈពេលតែប៉ុន្មានខែនេះអោយហើយ។
-
វាមានន័យថាបញ្ចប់ការបន្តអ្វីៗទៅអោយគ្រួសារ ដើម្បីអោយពួកគេរស់នៅដោយស្រួលពេលអ្នកស្លាប់ទៅ។
-
វាមានន័យថាអោយអ្នកនិយាយពាក្យលាអោយហើយ។
-
ខ្ញុំរស់ជាមួយក្រដាស់លទ្ធផលពិនិត្យសុខភាពនោះពេញមួយថ្ងៃ។
-
ល្ងាចថ្ងៃនោះ ខ្ញុំទទួលការធ្វើកោសល្យវិច័យ។ គេញាត់អន្តោទស្សន៍ចូលតាមបំពង់ក ចូលក្នុងក្រពះ ពោះវៀន
-
រួចយកម្ជុលចាក់លើលំពែងរបស់ខ្ញុំដើម្បីជួសយកកោសិកាមួយចំនួនពីដុំមហារីកនោះ។
-
ខ្ញុំត្រូវគេចាក់ថ្នាំសន្លប់មិនដឹងខ្លួនទេ។ ប៉ុន្តែប្រពន្ធខ្ញុំដែលនៅទីនោះដែរបានប្រាប់ខ្ញុំថា ពេលដែលគេមើលកោសិកាខ្ញុំតាមមីក្រូទស្សន៍ គ្រូពេទ្យចាប់ផ្ដើមស្រក់ទឹកភ្នែក
-
ព្រោះគេបានឃើញថាវាជាប្រភេទមហារីកលំពែងដ៏កម្រមាន ដែលអាចព្យាបាលបានដោយការវះកាត់។
-
ខ្ញុំទទួលការវះកាត់ ហើយខ្ញុំមានសុខភាពល្អវិញហើយនៅពេលនេះ។
-
[សំលេងទះដៃ]
-
នោះជានាទីដែលខ្ញុំនៅក្បែរសេចក្ដីស្លាប់ជាងគេ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិននៅក្បែរវាជាងនេះទៀតទេក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៀតនេះ។
-
ដោយរស់ឆ្លងកាត់បទពិសោធន៍នេះ ខ្ញុំអាចប្រាប់អ្នកបានច្បាស់ជាងមុន ជាងពេលដែលការស្លាប់គ្រាន់តែជាមនោគតិសុទ្ធសាធនោះថា៖
-
គ្មាននរណាម្នាក់ចង់ស្លាប់ទេ។ សូម្បីតែមនុស្សដែលចង់ទៅឋានសួគ៌ ក៏មិនចង់ស្លាប់ដើម្បីទៅទីនោះដែរ។
-
តែការស្លាប់ជាទីដៅដែលយើងទាំងអស់គ្នាត្រូវទៅដូចគ្នា។ គ្មាននរណាម្នាក់អាចគេចវេសបានទេ។
-
វាជារឿងធម្មជាតិ ព្រោះ ការស្លាប់ ទំនងជារបកគំឃើញដ៏ប្រសើរបំផុតតែមួយគត់របស់ ការរស់។
-
ការស្លាប់ជាភ្នាក់ងារផ្លាស់ប្ដូរការរស់។ វាលុបបំបាត់អ្វីៗដែលចាស់ទៅ ហើយបើកផ្លូវអោយអ្វីៗដែលថ្មី។
-
ឥលូវនេះអ្នកជាអ្វីៗដែលថ្មីនោះ ប៉ុន្តែនៅថ្ងៃណាមួយដែលនៅមិនឆ្ងាយប៉ុន្មាន អ្នកនឹងក្លាយជាចាស់បន្តិចម្ដងៗ ហើយ នឹងត្រូវបានគេលុបបំបាត់ចេញ។
-
សូមទោសដែលនិយាយបែបនាដកម្ម ប៉ុន្តែវាជារឿងពិត។
-
ពេលវេលារបស់អ្នកមានកំណត់ ហេតុនេះសូមកុំខ្ជះខ្ជាយវាក្នុងការរស់នៅជីវិតរបស់អ្នកដទៃ។
-
កុំជាប់អន្ទាក់ជំនឿជាទូទៅ។ កុំរស់នៅដោយលទ្ធផលរបស់គំនិតអ្នកដទៃ។
-
កុំអោយសំលេងរំខានរបស់មតិអ្នកដទៃពន្លិចសំលេងដែលនៅក្នុងចិត្តអ្នក។
-
ហើយសំខាន់ជាងនេះទៅទៀត ត្រូវមានសេចក្ដីក្លាហានធ្វើតាមសំលេងបេះដូងនិងវិចារណញាណរបស់អ្នកផ្ទាល់។
-
របស់ទាំង២នេះដឹងរួចទៅហើយពីអ្វីដែលអ្នកចង់ធ្វើពិតប្រាកដ។
-
អ្វីៗក្រៅពីនោះគ្រាន់តែជារបស់រាយរងប៉ុណ្ណោះ។
-
[សំលេងទះដៃ]
-
ពេលខ្ញុំនៅក្មេង មានសៀវភៅដ៏អស្ចារ្យមួយឈ្មោះ The Whole Earth Catalog ដែលជាគម្ពីរមួយសំរាប់អ្នកកើតជំនាន់ខ្ញុំ។
-
វាត្រូវបានផលិតដោយបុរសម្នាក់ឈ្មោះ Stewart Brand ដែលរស់នៅ Menlo Park មិនឆ្ងាយប៉ុន្មានទេពីទីនេះ។ គាត់បានធ្វើវាដោយការរចនាដ៏ប៉ិនប្រសព្វ។
-
វាត្រូវបានផលិតនៅទសវត្សរ៍ឆ្នាំ៦០ មុនសម័យដែលគេបោះពុម្ភសៀវភៅដោយប្រើកុំព្យូទ័រ។ វាត្រូវបានផលិតទាំងស្រុងដោយប្រើអង្គលីលេខ កន្ត្រៃ និង ម៉ាស៊ីនថតផូឡារ័យ។
-
វាហាក់ដូចជាហ្គូហ្គលក្នុងទំរង់ជាក្រដាស់សៀវភៅ កាលពី៣៥ឆ្នាំមុន ពេលហ្គូហ្គលមិនទាន់មានមែនទែន។ វាប្រកបដោយឧត្តមគតិ និងពោរពេញទៅដោយសញ្ញាណនិងវិធីសាស្ត្រពិសេសៗ។
-
Stewart និងក្រុមការងាររបស់គាត់បានចេញផ្សាយThe Whole Earth Catalog ជាច្រើនលេខ
-
ហើយនៅពេលដែលវាក្ដោបយកខ្លឹមសារស្ទើរទាំងអស់ហើយ ពួកគេបានបោះផ្សាយលេខចុងក្រោយ។
-
គឺនៅពាក់កណ្ដាញទសវត្សរ៍ឆ្នាំ៧០ ពេលខ្ញុំមានអាយុស្របាលអ្នកទាំងអស់គ្នា។
-
នៅលើក្របក្រោយរបស់លេខចុងក្រោយនោះ ជារូបភាពផ្លូវជនបទនាព្រឹកព្រលឹម ដូចទិដ្ឋភាពដែលអ្នកឃើញប្រសិនបើអ្នកធ្លាប់ធ្វើការសុំដោយសារឡានគេ។
-
នៅខាងក្រោមរូបនោះមានសរសេរថា
«Stay Hungry. Stay Foolish.» (បន្តនៅស្រេកឃ្លាន។ បន្តនៅភ្លីភ្លើ។)។
នោះជាពាក្យលារបស់ពួកគេ។
-
Stay Hungry. Stay Foolish ។ ហើយវាតែងតែជាអ្វីដែលខ្ញុំចង់បានសំរាប់ខ្លួនខ្ញុំផ្ទាល់។
-
ហើយនៅពេលនេះ អ្នកបញ្ចប់ការសិក្សានិងចាប់ផ្ដើមជីវិតថ្មីមួយ ខ្ញុំសូមជូនពរអ្នកដោយប្រើពាក្យទាំងនេះ។
-
Stay Hungry. Stay Foolish.
-
សូមអរគុណច្រើនអ្នកទាំងអស់គ្នា។
-
[សំលេងទះដៃ]
-
[សាកលវិទ្យាល័យស្ទែនហ្វដ www.stanford.edu]
-
អ្នកអធិប្បាយ៖ កម្មវិធីមុននេះរក្សាសិទ្ធិគ្រប់យ៉ាងដោយ សាកលវិទ្យាល័យស្ទែនហ្វដ។
-
សូមចូលមើលវិបសៃថ៍យើងខ្ញុំនៅ stanford.edu