ជាងមួយទស្សវត្សកន្លងមកហើយ ខ្ញុំបានសិក្សាពីក្មេងៗត្រូវគេបណ្តេញចេញពីសាលា ឬហៅថាក្មេងបោះបង់ការសិក្សា ទីបំផុតពួកគេបរាជ័យដោយសារប្រព័ន្ធអប់រំ ក្លាយជាក្មេងតាមចិញ្ចើមផ្លូវ រងអំពើហឹង្សា ការបំពានពីប៉ូលីស ការធ្វើបាបយ៉ាងឃោរឃៅ និងការចាប់ដាក់គុក ខ្ញុំតាមដានក្មេងទាំងនេះជាច្រើនឆ្នាំ នៅតាមស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្វែងយល់ពីអ្វីដែលយើងហៅថា “រុញចេញពីសាលា ចូលគុក” ពេលអ្នកមើលឃើញទិដ្ឋភាពបែបនេះ របស់ក្មេងៗក្នុងការស្រាវជ្រាវរបស់ខ្ញុំ អ្នកអាចនឹងឃើញបញ្ហា ក្មេងប្រុសម្នាក់មានកាន់ដបស្រាក្នុងដៃ គាត់អាយុប្រមាណ១៤ឆ្នាំ ហើយថ្ងៃនោះជាថ្ងៃសិក្សា អ្នកដទៃនៅពេលឃើញទិដ្ឋភាពបែបហ្នឹង មើលឃើញជាក្រុមក្មេងពាល ក្រុមវ៉ៃតប់ ក្រុមឧក្រិដ្ឋជន ប៉ុន្តែខ្ញុំឃើញរូបភាពខុសពីហ្នឹង ខ្ញុំឃើញក្មេងៗទាំងនេះតាមរបៀបមួយ ដែលពួកគេអាចនាំនូវតំលៃដល់ប្រព័ន្ធអប់រំ តើអ្នកនឹងចូលរួមជាមួយខ្ញុំប្តូររបៀបយើងដាក់ងារក្មេងៗ ពី “បង្កគ្រោះថ្នាក់” ទៅ “ពេញដោយសក្ដានុពល” ? (សំលេងទះដៃ) តើខ្ញុំដឹងដោយរបៀបណាថាក្មេងៗទាំងនេះ មានសក្តានុពល និងតាំងចិត្តផ្លាស់ប្តូរ? ខ្ញុំដឹងព្រោះខ្ញុំជាម្នាក់ក្នុងចំណោមនោះ ដឹងទេ ខ្ញុំធំឡើងក្នុងទីក្រុងជាមួយភាពក្រីក្រ ដោយគ្មានឪពុក គាត់បោះបង់ខ្ញុំតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ យើងរស់នៅដោយពិឹងលើជំនួយ ពេលខ្លះគ្មានជំរក អត់ឃ្លានជាច្រើនលើកច្រើនគ្រា ពេលខ្ញុំអាយុ១៥ឆ្នាំ ខ្ញុំត្រូវបានគេចាប់ដាក់ឃុំ៣ដង ពីបទល្មើស៣ មិត្តល្អបំផុតរបស់ខ្ញុំត្រូវបានគេសំលាប់ ហើយមិនយូរប៉ុន្មាន ខណៈដែលខ្ញុំកំពុងឈរក្បែរពូខ្ញុំ គាត់ត្រូវបានគេបាញ់ ខណះកំពុងរង់ចាំរថយន្តសង្គ្រោះ ជាងមួយម៉ោង គាត់ហូរឈាមច្រើន ស្លាប់លើចញ្ចើមផ្លូវ ខ្ញុំបានបាត់បង់ជំនឿចិត្ត និងក្តីសង្ឃឹមក្នុងលោក ហើយខ្ញុំឈប់ជឿអ្វីទាំងអស់ ព្រោះសង្គមនេះធ្វើអោយខ្ញុំបរាជ័យ។ ខ្ញុំគ្មានអ្វីផ្តល់អោយនរណាម្នាក់ ហើយគ្មាននរណាម្នាក់ផ្តល់អ្វីៗអោយខ្ញុំដែរ។ ខ្ញុំជឿថានេះជាវាសនារបស់ខ្ញុំ ខ្ញុំគិតថាខ្ញុំនឹងគ្មានជីវិតរស់ដល់អាយុ១៨ឆ្នាំផង មូលហេតុខ្ញុំមកទីនេះថ្ងៃនេះ គឺព្រោះតែគ្រូបង្រៀនម្នាក់ដែលយកចិត្តទុកដាក់នឹងខ្ញុំ និងជួយដាស់សតិខ្ញុំរហូតមក គ្រូបង្រៀនម្នាក់នេះ គឺអ្នកស្រី រូស គាត់គឺជាគ្រូម្នាក់ដែលចូលចិត្តឈឺឆ្អាលរឿងកូនសិស្ស (សំលេងសើច) គាត់គឺជាគ្រូដែលតែងតែនិយាយថា៖ វិចទ័រ ខ្ញុំនៅទីនេះ ពេលណាទើបអ្នកត្រូវការខ្ញុំ... (សំលេងសើច) តែខ្ញុំមិនទាន់ត្រៀមខ្លួនរួច ប៉ុន្តែគាត់យល់ពីគោលការណ៍គ្រឹះមួយអំពីក្មេងដូចខ្ញុំ ពួកយើងគឺដូចជាអ័យស្ទ័រអញ្ចឹង យើងបើកគំរបឡើង នៅពេលយើងត្រៀមខ្លួនរួចប៉ុណ្ណោះ ហើយប្រសិនបើអ្នកមិននៅទីនោះក្បែរយើងទេ យើងនឹងបិទគំរបរបស់យើងវិញភ្លាម អ្នកស្រី រូស នៅទីនោះក្បែរខ្ញុំ គាត់ដាក់ខ្ឡួនចូលជិតពួកយើង គាត់គោរពសហគមន៍ខ្ញុំ សាច់ញាតិខ្ញុំ និងក្រុមគ្រួសារខ្ញុំ ខ្ញុំប្រាប់គាត់ពីរឿងលោកពូ រ៉ូបេន គាត់យកខ្ញុំទៅធ្វើការជាមួយគាត់ព្រោះខ្ញុំគ្មានលុយ ហើយគាត់ដឹងច្បាស់ថាខ្ញុំត្រូវការលុយចាយ គាត់រើសអេតចាយសំរាប់ចិញ្ចឹមជីវិត ម៉ោង៤ភ្លឺមុនទៅសាលា ខ្ញុំជញ្ជូនសំបកដបបោះចូលឡានគាត់ ធ្វើអោយសំបកដបបែក មុតដៃហូរឈាម ជោគខោនិងស្បែកជើងកីឡារបស់ខ្ញុំ ខ្ញុំតក់ស្លុត ឈឺយ៉ាងខ្លាំង ក៏សំរាក ពូសម្លឹងមុខខ្ញុំ ហើយគាត់និយាយថា "Mijo, estamos buscando vida." "ពួកយើងកំពុងស្វែងរកជីវិតដ៏ប្រសើរមួយ យើងកំពុងព្យាយាមបងើ្កតអ្វីៗ ពីបាតដៃទទេ"។ អ្នកស្រី រូស ស្តាប់រឿងខ្ញុំ ចង់អោយខ្ញុំនិយាយរឿងនេះក្នុងថ្នាក់ ហើយគាត់និយាយថា “វិចទ័រ នេះគឺជាអំណាចរបស់អ្នក នេះជាសក្កានុពលរបស់អ្នក គ្រួសារ វប្បធម៍ សហគមន៍ បានបង្រៀននិងលុតដំអ្នកអោយចេះតស៊ូ អ្នកនឹងប្រើវាជាប្រយោជន៍ក្នុងការរៀនសូត្រ ដើម្បីអាចត្រឡប់មកជួយអភិវឌ្ឍន៍សហគមន៍របស់អ្នក។” ជាមួយការជួយរបស់អ្នកស្រី រូស ខ្ញុំត្រឡប់មកចូលរៀនវិញ។ លទ្ធផលរៀនក៏បានល្អ ហើយខ្ញុំបានបញ្ចប់ការសិក្សាដូចគេឯង។ (សំលេងទះដៃ) ប៉ុន្តែអ្នកស្រី រូស និយាយមកខ្ញុំមុនថ្ងៃបិទវគ្គថា វិចទ័រអ្នកគ្រូមានមោទនភាពចំពោះកូនណាស់ អ្នកគ្រូដឹងច្បាស់ថាកូនអាចធ្វើបាន ឥឡូវដល់ពេលចូលរៀនមហាវិទ្យាល័យហើយ (សំលេងសើច) មហាវិទ្យាល័យ? ខ្ញុំហ្នឹង? អូយ អ្នកគ្រូនិយាយស្អីហ្នឹង ខ្ញុំហ្នឹងចូលរៀនមហាវិទ្យាល័យ? ក្រោយមកខ្ញុំបានដាក់ពាក្យចូលរៀន ដោយមានការណែនាំ និងជ្រំុជ្រែងពីគាត់ ខ្ញុំទទួលបានលិខិតអនុញ្ញាតិអោយចូលរៀន ប៉ុន្តែឋិតក្រោមលក្ខខ័ណ្ឌមួយសរសេរថា "អ្នកត្រូវបានអនុញ្ញាតិអោយចូលរៀនសាកល្បងសិន។" “ស្អីគេ... សាកល្បងសិន”? ខ្ញុំកំពុងតែសាកល្បងស្រាប់ហើយហ្នឹង គ្មានបញ្ហា?" (សំលេងសើច) វាគឺការសាកល្បងផ្នែកអប់រំ មិនមែនផ្នែកព្រហ្មទណ្ឌទេ។ តើគ្រូដូចអ្នកស្រីរូស បានធ្វើអ្វីខ្លះទើបបានជោគជ័យនឹងក្មេងៗ ដូចក្មេងៗឋិតក្នុងការស្រាវជ្រាវរបស់ខ្ញុំ? ខ្ញុំសូមស្នើយុទ្ធសាស្រ្តចំនួនបី ទីមួយ៖ បោះចោលទស្សនៈអន់ថយក្នុងវិស័យអប់រំ ក្មេងទាំងនេះមកពីកន្លែងដែលប្រើហឹង្សា ក្រុមអ្នកក្រីក្រ ក្មេងទាំងនេះអាចបង្កគ្រោះថ្នាក់ ជាសិស្សគេចសាលា។ ក្មេងទាំងនេះបង្រៀនយ៉ាងណាក៏មិនចេះដែរ។ បើពួកគេមានបញ្ហា យើងមានដំណោះស្រាយ” ទីពីរ៖ សូមអោយតំលៃរឿងរ៉ាវ ដែលពួកគេនាំមកសាលា។ រឿងរ៉ាវជូរច៉ត់ពួកគេបានឆ្លងកាត់គឺអស្ចារ្យខ្លាំងណាស់។ ហើយខ្ញុំដឹងថា អ្នកដឹងរឿងទាំងនេះខ្លះដែរ។ រឿងរ៉ាវ និងបទពិសោធន៍ជូរច៉ត់ទាំងនេះ បង្ហាញនូវភាពរឹងមាំ ចរឹតលក្ខណៈ និងភាពអត់ធន់។ តោះជួយក្មេងៗធ្វើអោយរឿងរបស់គេកាន់តែប្រណិត។ លើកទឹកចិត្តពួកគេអោយមានមោទនភាពចំពោះខ្លួនឯង ពីព្រោះប្រព័ន្ធអប់រំរបស់យើងស្វាគមន៍ ក្រុមគ្រួសារ វប្បធម៌ សហគមន៍របស់គេ និងជំនាញដែលគេបានរៀនដើម្បីរស់។ យ៉ាងណាមិញ យុទ្ធសាស្រ្តទីបីដែលជាយុទ្ធសាស្រ្តសំខាន់បំផុត គឺធនធានទំនុបបំរុង។ យើងត្រូវផ្តល់ធនធានគ្រប់គ្រាន់ដល់ពួកគេ ភាពក្លាហានតែមួយមុខមិនគ្រប់គ្រាន់ទេ អ្នកអាចអង្គុយចាំមើលហើយប្រាប់ខ្ញុំថា៖ "នែប្អូនប្រុស រៀនចេះជួយខ្លួនឯងនឹងអ្វីដែលប្អូនមាន។" ប៉ុន្តែតើខ្ញុំជួយខ្លួនឯងយ៉ាងម៉េច បើកើតមកគ្មានអ្វីផងហ្នឹង? (សំលេងសើច) ជួយប្រាប់ផង តើខ្ញុំគួរជួយខ្លួនឯងដោយរបៀបណា? (សំលេងទះដៃ) ការបណ្តុះបណ្តាលការងារ ការអប់រំណែនាំ ការប្រឹក្សាយោបល់។ល។ គឺបង្រៀនក្មេងៗអោយចេះរៀនពីកំហុសរបស់ខ្លួន ជាជាងការដាក់ទណ្ឌកម្មពួកគេ និងបណ្តេញចេញពីសាលាដូចសត្វធាតុ។ ចុះបើធ្វើដូច្នេះវិញតើអ្នកយល់យ៉ាងណាដែរ? ខ្ញុំសំណូមពរអោយមានប្រព័ន្ធយុត្តិធម៌ ស្តារសប្បទា នៅគ្រប់វិទ្យាល័យទាំងអស់ក្នុងសហរដ្ឋអាមេរិក។ (សំលេងទះដៃ) យើងបានធ្វើតេស្តគំនិតទាំងនេះក្នុងសហគមន៍វ៉តក្នុងទីក្រុងអីលអេ ជាមួយក្មេងៗចំនួន៤០នាក់ដែលបានបណ្តេញចេញពីសាលា វីលៀមគឺជាក្មេងប្រុសម្នាក់ចំណោមនោះ។ គាត់ត្រូវបានគេដាក់ងារមិនល្អជាច្រើន។ គាត់បោះបង់ការសិក្សា គាត់ជាសមាជិកក្មេងពាល ជាឧក្រិដ្ឋជន។ ពេលពួកយើងជួបគាត់ គាត់បានបដិសេធន៍យើង។ ប៉ុន្តែខ្ញុំចាំពាក្យអ្នកស្រី រូស ធ្លាប់និយាយថា “ហេ ខ្ញុំនៅទីនេះចាំជួយអ្នកជានិច្ច ពេលអ្នកត្រូវការសូមមករកខ្ញុំចោះ”។ (សំលេងសើច) មួយរយៈក្រោយ ក្រោយមកគាត់ចាប់ផ្តើមបើកចិត្ត ហើយខ្ញុំនៅចាំទិដ្ឋភាពថ្ងៃមួយដែលគាត់បានផ្លាស់ប្តូរខ្លួនឯងតាមរយៈការជួយក្មេងស្រីម្នាក់។ ពួកយើងស្ថិតក្នុងក្រុមធំមួយ មានក្មេងស្រីម្នាក់ក្នុងកម្មវិធីរបស់យើងយំយ៉ាងខ្លាំង នាងបានប្រាប់ពួកយើងពីរឿងកំសត់របស់នាង ដែលឪពុករបស់នាងត្រូវបានគេសំលាប់ ហើយសាកសពគាត់ត្រូវគេចុះផ្សាយលើទំព័រកាសែតនៅថ្ងៃបន្ទាប់។ ខ្ញុំមិនដឹងថាត្រូវលួងនាងដោយរបៀបណា បានត្រឹមទុកពេលអោយនាងរំងាប់ចិត្តបន្តិចសិន តែវីលៀមមានទឹកចិត្តណាស់ គាត់បានទះតុហើយស្រែកថា “តោះពួកយើងអោបគ្នាទាំងអស់គ្នា។” (សំលេងទះដៃ) ក្មេងស្រីនោះបានប្រែពីការស្រក់ទឹកភ្នែកឈឺចាប់ទៅជាញញឹមឡើងវិញ ហើយសំណើចក្នុងក្រុមបន្លឺឡើង ជាសញ្ញាប្រាប់នាងថាសហគមន៍របស់នាងនឹងគាំទ្រនាង ពេលនោះវីលៀមចាប់ផ្តើមយល់ពីគោលបំណងនៃការរស់នៅ គឺដើម្បីជួយមនុស្សក្នុងសហគមន៍របស់គាត់។ គាត់ប្រាប់ពួកយើងពីរឿងរបស់គាត់។ យើងធ្វើអោយរឿងគាត់កាន់តែប្រណិត ពីរឿងគួរអោយអាណិតទៅជារឿងគួរអោយស្ញើចសរសើរ ដែលបានយកឈ្នះស្ថានភាពអាក្រក់បំផុត។ យើងអោយតំលៃខ្ពស់លើរឿងនេះ។ វីលៀមក៏បន្តការសិក្សារហូតបានបញ្ចប់ជាស្ថាពរ និងទទួលបានវិញ្ញាប័នប័ត្របញ្ចប់ការសិក្សាផ្នែកសន្តិសុខ ហើយឥឡូវនេះកំពុងធ្វើការអោយសាលាមួយ។ (សំលេងទះដៃ) ធម៌របស់អ្នកស្រីរូស គឺថា ពេលយើងបង្រៀនដោយបេះដូង ចិត្តក៏នឹងទៅជាមួយដែរ អ្នកនិពន្ធល្បីម្នាក់ ឈ្មោះខាលី ជីប្រាណ ពោលថា៖ “ចាកផុតពីទុក្ខវេទនា កើតមានវិញ្ញាណដ៏អស្ចារ្យ កំពូលវីរជនមានស្នាមពេញខ្លួន"។ ខ្ញុំជឿថាដើម្បីបដិវត្តន៍ប្រព័ន្ធអប់រំដែលយើងកំពុងនិយាយនេះ យើងត្រូវការក្មេងៗមកធ្វើការជាមួយយើង ពេលពួកគេប្រែជាល្អប្រណិត ស្គាល់ពីលក្ខណៈសម្បត្តិ ភាពអត់ធន់ និង ភាពក្លាហានរបស់ខ្លួន ដែលបានអភិវឌ្ឍន៍កន្លងមក ការសិក្សារបស់ពួកគេនឹងប្រសើរទៅតាមហ្នឹងដែរ។ សូមមានភាពជឿជាក់លើក្មេងៗរបស់យើង។ សូមផ្តល់ធនធានទំនុបបំរុងពួកគេអោយបានត្រឹមត្រូវ។ ខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលអ្នកគ្រូរបស់ខ្ញុំបានផ្តល់ដល់ខ្ញុំ។ គាត់ជឿជាក់លើខ្ញុំយ៉ាងខ្លាំង ដែលការជឿជាក់របស់គាត់ធ្វើអោយខ្ញុំជឿជាក់លើខ្លួនឯងដែរ។ សូមអរគុណ។ (សំលេងទះដៃ)